សមាជិកព្រឹទ្ធសភាថៃ ព្រមានរដ្ឋាភិបាលឱ្យកែទម្រង់របៀបចែកចាយប្រេង ក្រោយឡានដឹកផ្លែស្រ្តប៊័រីតម្លៃជាង ២ពាន់ដុល្លារ ត្រូវជាប់គាំងព្រោះរកសាំងចាក់មិនបាន
ថៃឡង់ដ៍៖ សមាជិកព្រឹទ្ធសភាថៃ បានលើកយកករណីឡានដឹកផ្លែស្រ្តប៊័រី (strawberry) មួយគ្រឿងដែលជាប់គាំងនៅតាមផ្លូវ មកធ្វើជាភស្តុតាងបង្ហាញពីភាពមិនប្រក្រតីនៃប្រព័ន្ធបម្រុងប្រេងឥន្ធនៈរបស់ជាតិ ហើយបានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការជាបន្ទាន់ ដើម្បីបង្ការកុំឱ្យមានការរអាក់រអួលកាន់តែខ្លាំងជាងនេះ ។
នៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃទី១៧ ខែមីនា សមាជិកព្រឹទ្ធសភា លោក ជីប ជីតនីយុម (Chib Jitniyom) បានរៀបរាប់ពីហេតុការណ៍មួយនៅខេត្តកំផែងពេជ្រ (Kamphaeng Phet) ដែលមានឡានដឹកស្រ្តប៊័រីតម្លៃ ៨ម៉ឺនបាត (ប្រហែល ២,២០០ដុល្លារ) ឆ្ពោះទៅកាន់ទីក្រុងបាងកក បានអស់សាំងម៉ាស៊ូត ហើយមិនអាចរកសាំងចាក់បាននៅតាមស្ថានីយប្រេង។ ស្ថានភាពនេះ បានបង្ខំឱ្យមានការលុបចោលការបញ្ជាទិញទាំងអស់ ហើយម្ចាស់ទំនិញត្រូវបង្ខំចិត្តលក់ផ្លែឈើទាំងនោះក្នុងតម្លៃថោកៗនៅតាមស្ថានីយប្រេង ដើម្បីកាត់បន្ថយការខាតបង់ ។
លោករៀបរាប់ជាបន្តថា ករណីនេះ បានបង្ហាញពីចំណុចកម្សោយក្នុងការគ្រប់គ្រងប្រេងបម្រុងរបស់ប្រទេស ដែលទោះបីជាមានប្រេងនៅក្នុងឃ្លាំងក៏ដោយ ប៉ុន្តែវាមិនមានការដឹកជញ្ជូនទៅដល់ស្ថានីយលក់រាយឡើយ។ សមាជិកព្រឹទ្ធសភារូបនេះ ព្រមានថា បញ្ហាខ្វះខាតសាំងនៅតាមស្ថានីយបែបនេះ បង្ហាញពីភាពទន់ខ្សោយរបស់រដ្ឋាភិបាល ហើយប្រសិនបើសង្គ្រាមនៅមជ្ឈិមបូព៌ារីករាលដាលខ្លាំង វានឹងរំខានដល់ផ្លូវដឹកជញ្ជូនថាមពលសកល និងធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនស្បៀងអាហាររបស់ថៃត្រូវគាំងនៅមួយកន្លែង ។
លោកបានអំពាវនាវឱ្យរដ្ឋាភិបាលកែទម្រង់របៀបចែកចាយប្រេង ពង្រឹងឃ្លាំងបម្រុងនៅតាមបណ្តាខេត្ត ជាពិសេសនៅតាមផ្លូវដឹកជញ្ជូនកសិផលសំខាន់ៗ និងដាក់ចេញវិធានការផ្តល់អាទិភាពចំពោះការផ្គត់ផ្គង់ប្រេងដល់កសិករ និងអ្នកផលិតអាហារក្នុងអំឡុងប្រឈមកង្វះខាត។ លើសពីនេះ លោកក៏បានជំរុញឱ្យប្រើប្រាស់ប្រព័ន្ធព្យាករណ៍ឆ្លាតវៃ ដើម្បីរៀបចំការផ្គត់ផ្គង់ប្រេងឱ្យត្រូវតាមតម្រូវការតាមរដូវកាល ដើម្បីការពារការខាតបង់សេដ្ឋកិច្ចបន្ថែមទៀត ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | រូបភាព៖ Screenshot from a video in Youtube & Thai Enquirer's video.