ព័ត៌មានអន្តរជាតិ

ក្រុមអ្នកបើកឡានដឹកទំនិញជាង ២៥០ គ្រឿងនៅថៃ ចេញមកតវ៉ាដោយជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការឆ្លើយតបនឹងវិបត្តិថាមពល

image

ប្រទេសថៃ៖ សហព័ន្ធដឹកជញ្ជូនផ្លូវគោកនៃប្រទេសថៃ បានរៀបចំការជួបជុំតវ៉ាមួយដែលគេដាក់ឈ្មោះថា ត្រាក់ ផៅវ័រ (TRUCK POWER) នៅថ្ងៃទី១៨ ខែមីនានេះ ដើម្បីអំពាវនាវឱ្យរដ្ឋាភិបាលដោះស្រាយជាបន្ទាន់នូវបញ្ហាតម្លៃថាមពលដែលកំពុងហក់ឡើងខ្ពស់ និងបញ្ហាកកស្ទះចរាចរណ៍យ៉ាងខ្លាំងក្លានៅកំពង់ផែឡែមឆាបាំង (Laem Chabang) ។

ម្ចាស់អាជីវកម្ម និងក្រុមអ្នកបើកបររថយន្តដឹកទំនិញ បានមកជួបជុំគ្នានៅម៉ោង ៩:០០ ព្រឹក រហូតដល់ម៉ោង៥ល្ងាច នៅខាងមុខផ្សារ ប៊ីកហ្វ៊ូដ (Big Food) ក្បែរស្ថានីយប្រេងឥន្ធនៈ PTT លើផ្លូវស៊ុឃុមវីត (Sukhumvit) ក្នុងតំបន់ឡែមឆាបាំង ខេត្តឈុនបុរី។ អំឡុងព្រឹត្តិការណ៍នេះ ក៏មានការរៀបក្បួនឡាន បន្លឺសំឡេងស៊ីប្លេ និងបើកភ្លើងហ្វាព្រមៗគ្នា ។

ប្រធានសហព័ន្ធ លោក ថុងយូ ខុងខាន់ (Thongyu Khongkhan) សន្និដ្ឋានថា មានឡានដឹកទំនិញជាង ២៥០ គ្រឿង ចូលរួមក្នុងការតវ៉ានេះ ដោយមានទាំងការថ្លែងសុន្ទរកថាបង្ហាញពីការលំបាក និងបញ្ហាប្រឈមផ្សេងៗក្នុងវិស័យដឹកជញ្ជូន ។

ក្រុមអ្នកតវ៉ា បានជំរុញឱ្យរដ្ឋាភិបាលចាត់វិធានការឆ្លើយតបនឹងវិបត្តិថាមពល ដែលពាក់ព័ន្ធនឹងភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ា រួមទាំងការស្នើឱ្យកំណត់តម្លៃសាំងម៉ាស៊ូតឱ្យនៅថេរយ៉ាងហោចណាស់ ៣០ ថ្ងៃ ដើម្បីកាត់បន្ថយថ្លៃដើមសម្រាប់អ្នកដឹកជញ្ជូន និងសេដ្ឋកិច្ចជាតិទាំងមូល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | រូបភាព៖ Bangkok Post/ Thai Enquirer