ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ បញ្ជាក់ពីមរណភាពរបស់ប្រធានសន្តិសុខ និងមេបញ្ជាការកងកម្លាំងបាស៊ីជី ក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល

image

អ៊ីរ៉ង់៖ លេខាធិការដ្ឋាននៃក្រុមប្រឹក្សាសន្តិសុខជាតិកំពូលរបស់អ៊ីរ៉ង់ បានប្រកាសជាផ្លូវការនៅថ្ងៃពុធនេះថា លោក អាលី ឡារីយ៉ានី (Ali Larijani) ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ីរ៉ង់ បានទទួលមរណភាពពិតប្រាកដមែន បន្ទាប់ពីក្លាយជាគោលដៅនៃការវាយប្រហាររបស់អ៊ីស្រាអ៊ែល ។

រូបភាពចាស់ៗបានបង្ហាញពីសកម្មភាពរបស់លោក ឡារីយ៉ានី ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់អ្នកគាំទ្រ ក៏ដូចជាសកម្មភាពនៃការចុះទៅកាន់ទីតាំងសំខាន់ៗជាច្រើន។ នៅក្នុងសេចក្តីថ្លែងការណ៍ លេខាធិការដ្ឋានបានលើកឡើងថា «លោកបានពលីជីវិតដើម្បីភាពរីកចម្រើនរបស់អ៊ីរ៉ង់ និងបដិវត្តន៍ឥស្លាម» ហើយលោកបាន «ទទួលកិត្តិយសជាអ្នកតស៊ូប្ដូរជីវិតដោយដើរតាមគន្លងមេដឹកនាំឆ្នើមៗដូចជា លោក អាលី ខាមីនី (Ali Khamenei), លោក ហាសាន ណាស្រាឡាហ៍ (Hassan Nasrallah) និងលោក ខាសែម សូមឡេម៉ានី (Qassem Soleimani) ជាដើម» ។

កាលពីថ្ងៃអង្គារ កងទ័ពអ៊ីស្រាអ៊ែលបានប្រកាសថា លោក ឡារីយ៉ានី ត្រូវបានសម្លាប់ រួមជាមួយមេបញ្ជាការកងកម្លាំងបាស៊ីជី (Basij) លោក ហ្គូឡាំរ៉េហ្សា សូឡេម៉ានី (Gholamreza Soleimani) ក្នុងអំឡុងការវាយប្រហារតាមអាកាសលើទីក្រុងតេហ៍រ៉ង់ ។

លោក អាលី ឡារីយ៉ានី (Ali Larijani) ត្រូវគេចាត់ទុកថាជាឥស្សរជននយោបាយដ៏លេចធ្លោបំផុតម្នាក់របស់អ៊ីរ៉ង់។ លោកធ្លាប់ធ្វើជាប្រធានសភាចន្លោះឆ្នាំ ២០០៨ ដល់ ២០២០ ហើយលោកក៏ធ្លាប់ធ្វើជាប្រធានអ្នកចរចានុយក្លេអ៊ែរ និងជាអ្នកការពារសិទ្ធិរបស់អ៊ីរ៉ង់ក្នុងការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមផងដែរ។ លើសពីនេះ គេក៏ស្គាល់លោក ថាជាមនុស្សជំនិតរបស់មេដឹកនាំកំពូល អាលី ខាមីនី (Ali Khamenei) និងធ្លាប់កាន់តំណែងធំៗជាច្រើន ដែលធ្វើឱ្យលោកមានឥទ្ធិពលយ៉ាងខ្លាំងនៅក្នុងជួររដ្ឋាភិបាល ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ AFP/ parapolitika on Microsoft Bing