លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន៖ ការកើនឡើងនៃតម្លៃប្រេង និងភាពមិនប្រាកដប្រជាសកល កំពុងបង្កផលប៉ះពាល់មកលើសេដ្ឋកិច្ចកម្ពុជា
ភ្នំពេញ៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា កម្ពុជា កំពុងប្រឈមឥទ្ធិពលអវិជ្ជមានពីភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម ភាពតានតឹងភូមិសាស្ត្រនយោបាយ និងសង្រ្គាមនៅព្រំដែនកម្ពុជា-ថៃ ជាពិសេសការកើនឡើងតម្លៃប្រេង បណ្តាលមកពីសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា ដែលកំពុងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ។
ការលើកឡើងនេះរបស់លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក Carlos Felipe Jaramillo អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងសហការី ក្នុងឱកាសបំពេញបេសកកម្មនៅកម្ពុជា នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ជាប្រទេសមានសេដ្ឋកិច្ចតូច បើកចំហ និងពឹងផ្អែកខ្លាំងលើខ្សែច្រវាក់ផលិតកម្មតំបន់ និងពិភពលោក កម្ពុជា អាចរងផលប៉ះពាល់កត្តា សេដ្ឋកិច្ចខាងក្រៅ។ លើសពីនេះ ក៏មានបញ្ហាប្រឈមក្នុងវិស័យហិរញ្ញវត្ថុ ដែលអាចប៉ះពាល់ដល់ស្ថិរភាពហិរញ្ញវត្ថុ និងសកម្មភាពសេដ្ឋកិច្ច ក៏ដូចជា តម្រូវការធ្វើពិពិធកម្មសេដ្ឋកិច្ច ដើម្បីរក្សាកំណើនឱ្យមានចីរភាព និងបង្កើតការងារថ្មីៗ។
ជាមួយគ្នានេះ លោកឧបនាករដ្ឋមន្ត្រី ក៏បានលើកឡើងពីតម្រូវការចាំបាច់ក្នុងការពង្រឹងវិស័យអាទិភាព ដូចជា ការអភិវឌ្ឍជំនាញ និងអប់រំ វិស័យដឹកជញ្ជូន និងការកែលម្អបរិយាកាសវិនិយោគ ដើម្បីលើកកម្ពស់ផលិតភាព និងភាពប្រកួតប្រជែង។ ព្រមទាំងបានជំរុញការគាំទ្រហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SMEs/MSMEs) និងលើកកម្ពស់សកម្មភាពសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីបង្កើតការងារ និងស្រូបយកកម្លាំងពលកម្ម ជាពិសេសយុវជន និងពលករត្រឡប់ពីក្រៅប្រទេស។
ក្នុងជំនួបនេះ លោក Carlos Felipe Jaramillo បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តគាំទ្រកម្ពុជា ដើម្បីរួមចំណែកក្នុងដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ តាមរយៈក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការថ្មី ឆ្នាំ២០២៥-២០២៩ ដែលផ្តោតលើការអភិវឌ្ឍមូលធនមនុស្ស ការបង្កើនការងារល្អ និងការពង្រឹងភាពធន់សង្គម។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានសម្តែងអំណរគុណចំពោះការគាំទ្រដ៏បន្តបន្ទាប់របស់ធនាគារពិភពលោក និងបញ្ជាក់ពីសារៈសំខាន់នៃភាពជាដៃគូនេះ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព បង្កើតការងារ និងលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋកម្ពុជា៕
អត្ថបទ៖ ចេង ឆហួត