ព័ត៌មានជាតិ

ក្រសួងដែនដី និងអាជ្ញាធរខេត្តកណ្ដាល ចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ១២០០០ប័ណ្ណ ជូនអ្នកស្រុកកៀនស្វាយ

image

កណ្តាល៖ ពលរដ្ឋ១២ភូមិ នៃស្រុកកៀនស្វាយ បានទទួលប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់ពីក្រសួងរៀបចំដែនដី និងអាជ្ញាធរខេត្តកណ្តាល ក្រោយក្រុមការងារពីមូលដ្ឋាន ថ្នាក់មន្ទីរ និងខេត្ត បានខិតខំរៀបចំធ្វើជូនយ៉ាងសស្រាកសស្រាំ។

ពិធីប្រគល់ បានធ្វើឡើងនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៦ ក្រោមវត្តមានលោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, លោក នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក គួច ចំរើន អភិបាលខេត្តកណ្ដាល។

ថ្លែងក្នុងពិធីនេះលោក គួច ចំរើន បានកោតសរសើរមន្ត្រីភូមិបាល អាជ្ញាធរស្រុក ភូមិ-ឃុំទាំងអស់ ដែលខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងដំណើរការវាស់វែង ចុះបញ្ជី និងបិទផ្សព្វផ្សាយ តាំងពីពេលចាប់ផ្តើមរហូតឈានដល់ការ ចែកប័ណ្ណជូនប្រជាពលរដ្ឋនាថ្ងៃនេះ។

លោកអភិបាលខេត្ត បានជំរុញ និងលើទឹកចិត្តមន្ត្រីជំនាញនៅស្រុក និងភូមិ-ឃុំ សូមបន្តខិតខំពន្លឿនការចែកប័ណ្ណកម្មសិទ្ធិដីធ្លីជូនដល់ប្រជាពលរដ្ឋឱ្យបានឆាប់រហ័សបន្ថែមទៀត ហើយនៅពេលដែលផលិតប័ណ្ណរួច សូមធ្វើការចែកជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ហើយរាល់ការចែកប័ណ្ណត្រូវប្រមូលផ្តុំនៅច្រកចេញចូលតែមួយរបស់ស្រុក ដើម្បីងាយស្រួលដល់ប្រជាពលរដ្ឋមកទទួលយកប័ណ្ណរបស់ពួកគាត់។

លោក សុខ កាន់ណារិទ្ធ ប្រធានមន្ទីរដែនដីខេត្តកណ្ដាល បានឲ្យដឹងថា ភូមិទាំង១២ រួមមាន ភូមិរទាំង ភូមិរទាំងត្បូង ស្ថិតក្នុងឃុំភូមិធំ ភូមិព្រែកត្រែង ភូមិព្រែកត្រែង២ ភូមិសំរោងក្អែរ ភូមិសំរោងក្អែរ២ ភូមិសំរោងក្អែរ៣ ស្ថិតក្នុងឃុំសំរោងធំ និងភូមិព្រែកដូង ភូមិកំពង់ស្វាយ ភូមិកំពង់ស្វាយ២ ភូមិព្រែកតានប់ ភូមិព្រែកតានប់២ ស្ថិតក្នុងឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ។

ក្នុងនាមប្រធានមន្ទីរ លោក និងសហការីទាំងអស់ នៅតែបន្តព្យាយាមរៀបចំឯកសារ និងធ្វើប្លង់រឹងជូនពលរដ្ឋឲ្យបានល្អ សុក្រឹត្យ លឿន រហ័ស និងត្រឹមត្រូវជូនបងប្អូនពលរដ្ឋឥតមានរាថយឡើយ៕

អត្ថបទ ឈុន សុភ័ក្រ