អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៣៩អង្គភាព កំពុងចុះយកព័ត៌មានអតីតទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅរាជធានីភ្នំពេញ និងបណ្តាខេត្ត
ភ្នំពេញ៖ អ្នកសារព័ត៌មានចំនួន ៧៤រូប មកពី ៣៩អង្គភាព ក្នុងនោះស្ថាប័នជាតិ ១៩ស្ថាប័ន ដែលមានអ្នកកាសែតចំនួន ៣៥រូប និងទីភ្នាក់ងារសារព័ត៌មានអន្តរជាតិ ២០អង្គភាព ដែលមានអ្នកកាសែត ៣៩រូប កំពុងចុះយកព័ត៌មានអតីតទីតាំង ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅខេត្តព្រៃវែង ស្វាយរៀង និងនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី២១-២២ ខែកញ្ញា ឆ្នាំ២០២៦ ដែលដឹកនាំដោយក្រសួងព័ត៌មាន។
ការចុះយកព័ត៌មានរបស់អ្នកព័ត៌មានមកពីស្ថាប័នជាតិ និងអន្តរជាតិដ៏ច្រេីននេះ គឺមុនកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្គេមអនឡាញ» ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ។
សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានចំនួនជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានចាត់ទុកថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅលើពិភពលោក រួមមាន ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព៕