ព័ត៌មានជាតិ

សម្តេចធិបតី៖ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកងកម្លាំងថែរក្សាសន្តិភាពសរុបចំនួនជាង១ម៉ឺននាក់ ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសចំនួន១០

image

អត្ថបទ៖ ហ៊ន សុភ័ក្រ

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ក្រោមឆត្ររបស់អង្កការសហប្រជាជាតិ កម្ពុជាបាន និងកំពុងចូលរួមចំណែកប្រកបដោយមោទនភាពក្នុង បេសកកម្មរក្សាសន្តិភាពពិភពលោក។ ចាប់តាំងពីឆ្នាំ២០០៦ មកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូន កងកម្លាំងថែរក្សាសន្តិភាពសរុបចំនួន ១០.៩១២នាក់ (ក្នុងនោះមានស្ត្រី ចំនួន ១.០៨២នាក់) ទៅបំពេញបេសកកម្មថែរក្សាសន្តិភាពរបស់ អ.ស.ប. នៅក្នុងប្រទេសចំនួន១០ រួមមាន៖ ឆាដ ស៊ូដង់ ស៊ូដង់ ខាងត្បូង អាហ្វ្រិកកណ្តាល លីបង់ ស៊ីប ស៊ីរី ម៉ាលី យេម៉ែន និងកុងហ្គោ”។

ការលើកឡើងនេះតាមរយះសារលិខិតសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា “បទពិសោធប្រវត្តិសាស្ត្រដ៏ជូរចត់ និងស្ថានភាពជាក់ស្តែងនៃពិភពលោកនាពេលបច្ចុប្បន្ន បាន បង្ហាញយ៉ាងច្បាស់ថា ច្បាប់អន្តរជាតិមិនអាចធានាសន្តិភាពបានឡើយ ប្រសិនបើខ្វះឆន្ទៈនយោបាយ ពិតប្រាកដ និងការអនុវត្តជាក់ស្តែងប្រកបដោយការប្តេជ្ញាចិត្តខ្ពស់”។ សម្តេចធិបតីបន្តថា “ដើម្បីឱ្យសន្តិភាពអាចចាក់ឫសយ៉ាងជ្រៅ រឹងមាំ និងមានចីរភាព កម្ពុជាតែងតែប្រកាន់ខ្ជាប់យ៉ាង ម៉ឺងម៉ាត់នូវជំហរគោរពអធិបតេយ្យ និងសមភាពរវាងរដ្ឋ ការលុបបំបាត់វប្បធម៌ប្រើប្រាស់កម្លាំង ការអនុវត្ត កាតព្វកិច្ចអន្តរជាតិដោយស្មោះត្រង់ ព្រមទាំងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងយន្តការពហុភាគី ជាពិសេសការជ្រើសរើសយកវិធីសាស្ត្រដោះស្រាយវិវាទដោយសន្តិវិធី និងអនុលោមតាមច្បាប់អន្តរជាតិ”៕