ព័ត៌មានជាតិ

អ្នកសារព័ត៌មានជាតិ​ និងអន្តរជាតិមកពីស្ថាប័នធំៗជិត ៤០អង្គភាព​ កំពុងចុះពិនិត្យទីតាំងអតីតមជ្ឈមណ្ឌល Online Scam នៅមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺនជ័យ​ ក្នុងខេត្តព្រៃវែង

image

ព្រៃវែង៖ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៣៩អង្គភាព ស្មើ៧៨រូប នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦​ បានចុះយកព័ត៌មាននៅអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជកម្មម៉ឺជ័យ ឬ 8 Park ក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។

ការចុះពិនិត្យដោយផ្ទាល់នេះ​ រៀបចំដោយលេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន។

សូមបញ្ជាក់ថា​ ទីតាំងមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ ត្រូវសាងសង់ឡេីងនៅឆ្នាំ២០២៣ ហើយនៅ២០២៤ មានវត្តមានជនបរទេសចូលមកបម្រើការងារ ប្រមាណ ៧ពាន់នាក់ នៅឆ្នាំ២០២៥ កើនឡើងដល់ជិត ២ម៉ឺននាក់​ ក្នុងនោះមានជនជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់។

លោក ហៃ មករា សមាជិកលេខាធិការដ្ឋាន នៃគណៈកម្មការចំពោះកិច្ចប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានឱ្យដឹងថា​ នៅខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតលើបុគ្គល ចេន ហ្សី រហូតដកសញ្ជាតិបុគ្គល ចេន ហ្សី បញ្ជូនទៅកាន់ប្រទេសចិនវិញ។ បន្ទាប់មកនៅទីតាំង 8 park មានជនបរទេសចាកចេញជាបន្តបន្ទាប់ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ត្រូវបានរកឃើញថាទីតាំងនេះ 8 Park ជារបស់ក្រុមហ៊ុន ព្រីន គ្រុប។  ចំពោះអ្នកពាក់ព័ន្ធម្ចាស់កម្មសិទ្ធិ ក្រុមអភិវឌ្ឍន៍ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបុគ្គល អៀង សុខលីម បញ្ចូនទៅដាក់ពន្ធនាគារ​ PJ រាជធានីភ្នំពេញ​ ខណៈអ្នកពាក់ដែលកំពុងគេចខ្លួន ហេីយសមត្ថកិច្ចកម្ពុជាបានសហការជាមួយសមត្ថកិច្ចអន្តរជាតិ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។

ការចុះយកព័ត៌មានរបស់អ្នកព័ត៌មានមកពីស្ថាប័នជាតិ និងអន្តរជាតិដ៏ច្រេីននេះ គឺមុនកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្គេមអនឡាញ» ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ។

សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។

ក្នុងចំណោមទីតាំងដែលបានបើកប្រតិបត្តិការទាំងនោះ មានទីតាំង Online Scam ទ្រង់ទ្រាយធំចំនួន ៨៦កន្លែង ដែលអាចនិយាថាទីតាំង Online Scam ទ្រង់ទ្រាយធំ ត្រូវបានគ្រប់គ្រង និងកម្ទេចទាំងស្រុង។

ទាក់ទងនឹងបញ្ហានេះ​ កម្ពុជាបានចាត់ទុកថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scam) គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅលើពិភពលោក រួមមាន ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។

អាជ្ញាធរកម្ពុជានៅតែបន្តបេសកកម្មប្រយុទ្ធប្រឆាំងបទល្មើស Online Scam ដែលបានប្រែក្លាយពីទ្រង់ទ្រាយធំ ទៅជាប្រតិបត្តិការតូចៗ និងមានលក្ខណៈបែកខ្ញែក។ ចំពោះការបង្ក្រាបក្រុមជនល្មើស Online Scam នៅតែបន្តដូចភ្លៀងរលឹម ដោយសមត្ថកិច្ចត្រូវបន្តស៊ើបអង្កេត តាមដាន និងបង្ក្រាបសកម្មភាពឆបោកជាប្រចាំ ដើម្បីទប់ស្កាត់ការបង្កើតបណ្តាញថ្មី និងការផ្លាស់ប្តូរទម្រង់ប្រតិបត្តិការរបស់បណ្តាញដែលមានស្រាប់។

បច្ចុប្បន្នបទល្មើស Online Scam មានលក្ខណៈឆ្លងដែន និងអាចពាក់ព័ន្ធនឹងជនរងគ្រោះ ជនសង្ស័យបណ្តាញហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នានៅលេីសកលលោក។ បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) បានផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយបទល្មើសធ្ងន់ធ្ងរចំនួនបីផ្សេងទៀត រួមមាន ការជួញដូរមនុស្ស អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសសម្អាតប្រាក់៕