ក្រសួងការងារ ប្រកាសឱ្យជនបរទេសទៅបំពេញសៀវភៅការងារសម្រាប់ឆ្នាំ២០២០
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំលឹកដល់ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុនទាំងអស់ ស្ថិតនៅក្រោមដែនអនុវត្តន៍នៃច្បាប់ស្តីពីការងារ ដែលមានប្រើប្រាស់កម្មករនិយោជិតជាជនបរទេស និងជនបរទេសដែលប្រកបមុខរបរណាមួយក្នុងប្រទេសកម្ពុជា ទៅបំពេញកាតព្វកិច្ចស្នើសុំធ្វើ ឬពន្យាប័ណ្ណ/សៀវភៅការងារជនបរទេស សម្រាប់ឆ្នាំ២០២០។ ការជូនដំណឹងរបស់ក្រសួងនេះ ដោយសារជនបរទេសមួយចំនួន នៅមិនទាន់ធ្វើនៅឡើយទេ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងនៅថ្ងែទី១១ ខែសីហា ឆ្នាំ២០២០។
សេចក្តីប្រកាសដែលប្រាប់ទៅម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុនទាំងអស់ និងជនបរទេស ត្រូវស្នើសុំធ្វើ ឬពន្យារប័ណ្ណ/ សៀវភៅការងារជនបរទេសសម្រាប់ឆ្នាំ២០២០ តាមរយៈគេហទំព័រ www.twcms.mlvt.gov.kh។ ករណី ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុនទាំងអស់ និងជនបរទេសដែលប្រកបមុខរបរណាមួយក្នុងប្រទេសកម្ពុជា មិនមានប័ណ្ណ/សៀវភៅការងារជនបរទេស ក្រុមអធិការកិច្ចហត្ថពលកម្មបរទេស នឹងពិន័យតាមច្បាប់ស្តីពីការងារ និងបទប្បញ្ញត្តិជាធរមាន។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សង្ឃឹមថា ម្ចាស់ ឬនាយកសហគ្រាស ក្រុមហ៊ុន ទាំងអស់ ដែលមានប្រើប្រាស់កម្មករនិយោជិតជាជនបរទេស និងជនបរទេសដែលប្រកបមុខរបរណាមួយនៅកម្ពុជា នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ៕